ស្វែងយល់បន្ថែមអំពីយើង


           ប្រព័ន្ធព័ត៌មានសុខាភិបាល បានបង្កើតឡើង និងអនុវត្តនៅខេត្តមួយ ចំនួនក្នុងឆ្នាំ១៩៩៤។ ការអនុវត្តប្រព័ន្ធព័ត៌មានសុខាភិបាលត្រូវបានគ្របដណ្ដប់ទូទាំងប្រទេស ចាប់ពីខែកុម្ភះឆ្នាំ១៩៩៥។ ចាប់ពីពេលនោះមក ប្រព័ន្ធព័ត៌មានសុខាភិបាលបានអភិវឌ្ឍននិងកែលំអរជាបន្តបន្ទាប់ ។ ប្រព័ន្ធព័ត៌មានសុខាភិបាល មានផ្ទុកនូវព័ត៌មាន នៃសកម្មភាពសេវាសុខភាពប្រចាំថ្ងៃ និងទិន្នន័យសុខភាពពីគ្រប់លំដាប់ថ្នាក់នៃប្រព័ន្ធថែទាំសុខភាពជាតិ។ គោលបំណងចម្បងរបស់វា គឺដើម្បីផ្ដល់ដល់ក្រសួងសុខាភិបាល និងសេនាធិការរបស់ក្រសួង រួមទាំងមន្ទីរពេទ្យ និងមណ្ឌលសុខភាព នូវព័ត៌មានសូចនាករសុខភាព និងសកម្មភាពសេវាសុខភាព ដែលអាចទុកចិត្តបាន និងទាន់ពេល។ ព័ត៌មាននេះអាចនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការគ្រប់គ្រងកម្មវិធី ផែនការ និងការវិភាជន៍ធនធាន។

          ក្រសួងសុខាភិបាល តម្រូវឱ្យគ្រប់មូលដ្ឋានសុខាភិបាល បញ្ចូលទិន្នន័យប្រចាំខែទៅក្នុងទម្រង់របាយការណ៍ពាក់ព័ន្ធ (HC1 សម្រាប់មណ្ឌលសុខភាព និង HO2 សម្រាប់មន្ទីរពេទ្យ) តាមរយៈប្រព័ន្ធទិន្នន័យតាមគេហទំព័រប្រព័ន្ធព័ត៌មានសុខាភិបាល ។ ទន្ទឹមនេះដែរ ក៏មានមូលដ្ឋានសុខាភិបាលឯកជន និងអង្គការក្រៅរដ្ឋាភិបាលដែលមានអាជ្ញាបណ្ណផ្ដល់សេវា (មន្ទីរពេទ្យ, មន្ទីរពហុព្យាបាល, មន្ទីរព្យាបាល, មន្ទីរសម្ភព និងបន្ទប់ពិនិត្យពិគ្រោះជំងឺ) មួយចំនួនបានប្រើប្រាស់ ប្រព័ន្ធព័ត៌មានសុខាភិបាលនេះដែរ។ ទម្រង់របាយការណ៍ប្រព័ន្ធព័ត៌មានសុខាភិបាលទាំងពីរ HC1 និង HO2 ប្រមូលទិន្នន័យបូកបន្តពីសេវាពិនិត្យពិគ្រោះជំងឺក្រៅ និងជំងឺសម្រាកពេទ្យ បន្ថែមពីលើទិន្នន័យពីកម្មវិធីជាតិមួយចំនួនក្រោមក្រសួងសុខាភិបាល។ កម្មវិធីជាតិទាំងនេះរួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, កម្មវិធីជាតិសុខភាពភ្នែក, សុខភាពធ្មេញ និងធនាគារឈាម។ ប្រព័ន្ធអាចទាញយករបាយការណ៍សូចនាករ ដែលជាសូចនាករគន្លឹះនៃផែនការយុទ្ធសាស្ត្រសុខាភិបាល ។

           នាយកដ្ឋានផែនការ និងប្រព័ន្ធព័ត៌មានសុខាភិបាល នៃក្រសួងសុខាភិបាល បានពង្រឹងការប្រើប្រាស់ទិន្នន័យ សម្រាប់ធ្វើផែនការនិងការសម្រេចចិត្ត ។ ដោយមានការគាំទ្រទាំងបច្ចេកទេស និងថវិកា ពី អង្គារ Vital Strategies នាយកដ្ឋានផែនការ និងប្រព័ន្ធព័ត៌មានសុខាភិបាល បានរៀបចំ បង្កើតជា របាយការណ៍ស្ថិតិ សូចនាករសុខាភិបាល (Health Statistics Dashboards) ដែលជាថ្នាល់ទិន្នន័យ ទាញចេញពី ប្រព័ន្ធព័ត៌មានសុខាភិបាល HMIS ដែលអាចអ្នកប្រើប្រាស់អាចពិនិត្យ សូចនាករសុខាភិបាល បាន តាមឆ្នាំ ឬ តាមខេត្ត ។